Cambodia National Council for Children

The forum between children and civil societies with policymaker on 26 May 2016 at MoSVY

The forum between children and civil societies with policymaker on 26 May 2016 at MoSVY

វេទិកាកុមារសង្គមស៊ីវិល និងអ្នកធ្វើគោលនយោបាយ
វេទិកានេះ ជាឱកាសឲ្យកុមារបានជួបពិភាក្សាជាមួយអ្នកធ្វើគោលនយោបាយ ឬមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងបានស្វែងរកគន្លឹះក្នុងការអនុវត្តសិទ្ធិកុមារនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព ដើមី្បឲ្យកុមារបានបញ្ចេញមតិយោបល់ និងការព្រួយបារម្ភទាក់ទងនឹងការអនុវត្តសិទ្ធិរបស់ពួកគេ ព្រមទាំងលើកជាសំណើ សំណូមពរជូនអ្នកធ្វើគោលនយោបាយ ឆ្លើយតបទៅនឹងបញ្ហានានាដោយផ្តោតលើប្រធានបទពាក់ព័ន្ធនឹង” អំពើហិង្សាលើកុមារ, ការប្រើប្រាស់គ្រឿងញៀន និងពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម ” ។ តាមរយៈវេទិកានេះសម្តែងឱ្យឃើញពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាល លើការអនុវត្តសិទ្ធកុមារ និងបញ្ជាក់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា។
ក្នុងវេទិកានោះ កុមារបានលើកឡើងជាសំណួរ និងសំណូមពរមួយចំនួន ជាពិសេសពាក់ព័ន្ធនឹង គ្រឿងញៀន អំពើហិង្សា និងពលកម្មកុមារ។ ចំពោះសំណួរដែលកុមារបានលើកឡើងខាងលើនេះ វាគ្មិនបានឆ្លើយតបតាមរយៈវិធានការនានា ដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញ។ ដោយឡែករាល់សំណូមពរដែលលើកឡើងដោយកុមារក្នុងវេទិកានេះនឹងត្រូវធ្វើសេចក្តីថ្លែងការណ៍ដោយកុមារ នៅក្នុងឱកាសប្រារព្ធខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៦ ដែលជាសារមួយជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យជួយដោះស្រាយរាល់បញ្ហា និងការព្រួយបារម្ភរបស់កុមារ។
គួររំលឹកដែលថាៈ  កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦  អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ រួមសហការជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ បានរៀបចំវេទិកាកុមារសង្គមស៊ីវិល និងអ្នកធ្វើគោលនយោបាយ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា (ស.អ.យ) ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់កុមារក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិកុមារនៅកម្ពុជា។ វេទិកានេះមានវាគ្មិនចំនួន ០៥រូប មកពីក្រសួង ស.អ.យ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ  យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាកុមារ មន្ត្រីសង្គមស៊ីវិល និងអ្នកថែទាំកុមារ មកពីស្ថាប័នរដ្ឋ និងអង្គការជាដៃគូពាក់ព័ន្ធសរុប ចំនួន ២៤៧នាក់(ស្រី១២២នាក់)។



 

Our Partners