Cambodia National Council for Children

Juvenile justice law

Juvenile justice law

ច្បាប់ស្តីពីយុត្តិធម៌អនីតិជន
    ច្បាប់នេះមានសារៈសំខាន់ណាស់ គឺដើម្បីការពារសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារ បង្កើននូវការអប់រំ ទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ក្នុងជួរអនីតិជន ដែលឆ្លើយតបទៅនឹងវិធានការនានា ដែល   រាជរដ្ឋាភិបាលរួមជាមួយគ្រួសារ សហគមន៍ និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនានា កំពុងខិតខំក្នុងការអភិវឌ្ឍអនីតិជនឱ្យក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ បង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គនីតិប្រតិបត្តិ និងតុលាការក្នុងការដោះស្រាយបញ្ហាអនីតិជនឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិកុមារ និងបំពេញកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងបង្កើនកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ន អន្តរជាតិផ្សេងៗក្នុងការការពារសិទ្ធិកុមារ។
សូមបញ្ជាក់ថាៈ  ច្បាប់នេះចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០០០ ដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្កើតអនុគណៈកម្មការតាក់តែងច្បាប់ ដឹកនាំដោយឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័ននានា និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត។ ឆ្នាំ២០០២ ច្បាប់នេះ ត្រូវបានរៀបចំតាក់តែងឡើង និងបានពិនិត្យពិភាក្សាជាច្រើនលើក។
ច្បាប់នេះ បានដាក់ឆ្លងកិច្ចប្រជុំផ្ទៃក្នុងនៅក្រសួងយុត្តិធម៌ ចំនួន៣៨ លើក កិច្ចប្រជុំរវាងក្រសួង ស.អ.យ ជាមួយក្រសួងយុតិ្តធម៌ ចំនួន១៩លើក ឆ្លងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ចំនួន១១លើក ដោយមានការចូលរួមពីតំណាងគណៈកម្មការទី៨ នៃព្រឹទ្ធសភា  រដ្ឋសភា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងការចូលរួមរបស់តំណាងកុមារផងដែរ។ នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៥ ច្បាប់នេះ បានលើកយកមកប្រជុំពិភាក្សាសម្រេចនៅ ទីស្តីការក្រសួង ស.អ.យ ក្រោមការដឹកនាំរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង ស.អ.យ ដើម្បីពិនិត្យមុនបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការក្រសួង ស.អ.យ បានបញ្ជូនសេចក្តីព្រាងច្បាប់នេះមកទីស្តីការ  គណៈរដ្ឋមន្រ្តីដើម្បីបន្តនីតិវិធី និងអគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេសចំនួន២លើក។ ទន្ទឹមនឹងនេះ ច្បាប់យុត្តិធម៌អនីតិជននេះ បានដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងចំនួន៣លើក នៅថ្ងៃទី១២ ដល់១៣ ខែមករា ឆ្នាំ២០១៦ និងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៦ ច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះបានដាក់ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បី ពិនិត្យនិងអនុម័ត។ ជាមួយគ្នានេះដែរ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន នេះត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៦ នាសម័យប្រជុំលើកទី៦ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំជាវិសាមញ្ញនីតិកាលទី៣ នាថ្ងៃទី ២៩ ខែ មិថុនា  ឆ្នាំ ២០១៦។
 

Our Partners