Cambodia National Council for Children

National Action Plan for Children Development

National Action Plan for Children Development

ផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ
ផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារមានរយៈពេល៣ឆ្នាំ ២០១៦-២០១៨ រៀបចំឡើងបន្ស៊ីជាមួយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដើម្បីធានាថាបញ្ហាកុមារត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យ ពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។ តាមរយៈការអនុវត្តផែនការសកម្មភាពនេះ កុមារកម្ពុជាកាន់តែទទួលបាលនូវការផ្តល់សេវា និងការយកចិត្តទុកដាក់បន្ថែមទៀត។
ផែនការនេះមានលក្ខណៈសម្របសម្រួលទូលំទូលាយដោយផ្តោតលើកុមារ ដែលមានយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៥ ផ្តោតទៅលើការលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាលជំនាញ លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់ កុមារ ពង្រឹងកិច្ចការពារកុមារនិងបង្ការទប់ស្តាត់កុមារពីអំពើហិង្សានិងការងារប្រកបដោយគ្រោះថ្នាក់ ពង្រឹងកិច្ចសហការ ការអនុវត្តច្បាប់ ក្របខណ្ឌគតិយុត្តនិងគោលនយោបាយ ពង្រឹងយន្តការជាតិ សមត្ថភាពបំពេញមុខងារនិងដំណើការល្អ ។
ផែនការនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ផែនការនេះបានលើកឡើងនូវកម្មវិធី ឬសកម្មភាពដែលមិនជាន់គ្នាជាមួយកិច្ចប្រឹងប្រែងដែលបានធ្វើកន្លងមក ឬកម្មវិធីដែលកំពុងអនុវត្តដោយក្រសួង ស្ថាប័នដទៃទៀត ប៉ុន្តែបានកំណត់គម្លាតនៅតាមផែនការវិស័យនានា និងស្នើឡើងនូវកម្មវិធី និងមធ្យោបាយក្នុងការផ្សារភ្ជាប់គម្លាតទាំងនោះ។ ផែនការនេះក៏បានកំណត់ពីតម្រូវការក្នុងការចាប់ផ្តើមសកម្មភាពរួមគ្នារបស់ក្រសួង ស្ថាប័នក្នុងករណីជាច្រើន ដោយសារក្រសួង ស្ថាប័នតែមួយមិនអាចដោះស្រាយបញ្ហាកុមារបានពេញលេញទាំងអស់ទេ និងជាផែនទីចង្អុលផ្លូវមួយ ដើម្បីសម្រេចបានការអភិវឌ្ឍធនធានមនុស្ស។ លើសពីនេះទៀត ផែនការនេះបានស្នើឱ្យបង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃសម្រាប់កុមារឯករាជ្យមួយ ដើម្បីតាមដានវឌ្ឍនភាពស្តីពីកុមារ។

សូមបញ្ជាក់ថាៈ ផែនការនេះបានចាប់ផ្តើមរៀបចំឡើងនៅឆ្នាំ២០១៣ មានក្រុមការងារជំនាញ        បច្ចេកទេសមួយដែលមានសមាសភាពតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយសហការជាមួយនឹងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ១រូប និងជាតិ១រូប។ បានដាក់ឆ្លងសិក្ខាសាលាថ្នាក់ជាតិ ថ្នាក់តំបន់ ជាមួយតំណាងកុមារ ប្រជុំគណៈកម្មការផែនការ និងរបាយការណ៍ជាតិស្តីពីកុមារ ប្រជុំជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានា ប្រជុំជាមួយមន្រ្តីបច្ចេកទេសជាន់ខ្ពស់អន្តរក្រសួង និងអង្គការដៃគូ អភិវឌ្ឍន៍ ដើម្បីស្វែងរកធាតុចូលពីវិស័យពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងផែនការ  និងបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដើម្បីពិនិត្យ និងផ្តល់ធាតុចូលចុងក្រោយ បន្ទាប់មកបានដាក់ឆ្លងទីស្តីការគណៈរដ្ឋមន្រ្តីនិងទទួលបានការអនុម័តនៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៥ និងបានធ្វើពិធីផ្សព្វផ្សាយក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ទីស្តីការក្រសួង ស.អ.យ។

 

Our Partners