Cambodia National Council for Children

The 7th Extraordinary Meeting of the Cambodia National Council for Children on the Results of 2017 and 2018

The 7th Extraordinary Meeting of the Cambodia National Council for Children on the Results of 2017 and 2018

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (..)

កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅឆ្នំា២០១៨ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ​ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(ស.អ.យ) កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង ស.អ.យ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក​ ក.ជ.ក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុបចំនួន ៥២​ នាក់ (ស្រី ២៣នាក់)។

កិច្ចប្រជុំនេះមានគោលបំណង  ជម្រាបជូនពីបច្ចុប្បន្នភាព លទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​​ និងមានការចែករំលែកបទពិសោធន៍ល្អៗដោយក្រុមការងារដើម្បីកុមារ របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងព័ត៌មាន និងការផ្តល់ព័ត៌មានត្រឡប់ពីការបង្កើតក្រុមការងារដើម្បីកុមារ (ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ)និងពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារឆ្នាំ២០១៨។

បញ្ហាប្រឈម

- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ពុំទាន់មានកញ្ចប់ថវិកាដោយឡែកស្របតាមជំពូកទី៥ មាត្រា១៣ នៃ ព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ 

- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត និងក្រុមការងារដើម្បីកុមារតាមក្រសួង ស្ថាប័ន ពុំទាន់ផែនការសកម្មភាពការងារនិងកញ្ចប់ថវិកាច្បាស់លាស់

- ក្រុមការងារដើម្បីកុមារតាមក្រសួងស្ថាប័ន ដែលបានបង្កើតឡើងដំណើរការការងាររបស់ខ្លួននៅមានកម្រិត ដោយឡែក ក្រសួង ស្ថាប័នមួយចំនួនពុំទាន់បង្កើតក្រុមការងារដើម្បីកុមារនៅឡើយ

- រចនាសម្ព័ន្ធ និងអាណត្តិរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅមានកម្រិត ពុំទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលពុំអាចឈានទៅធ្វើការសម្របសម្រួលការងារអន្តរក្រសួងឲ្យមានប្រសិទ្ធភាព។

សំណូមពរ ជារួមការបំពេញមុខងារទៅតាមភារកិច្ច និងតួនាទីរបស់ខ្លួនក្នុងរយៈមួយឆ្នាំនេះទទួលបានលទ្ធផលជាវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលជាច្រើនដែលបម្រើឱ្យផលប្រយោជន៍របស់កុមារកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្របតាមស្មារតីនៃ​​អនុសញ្ញាស្តីពីសិទ្ធិកុមារ។ ជាមួយគ្នានេះដែរក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមសំណូមពរដូចខាងក្រោម៖

- សុំការគាំទ្រពីក្រសួង ស្ថាប័ន បង្កើតក្រុមការងារដើម្បីកុមាររបស់ខ្លួនឱ្យបាន

- សូមឱ្យមានកញ្ចប់ថវិកាដោយឡែកសម្រាប់អគ្គលេខាធិការដ្ឋាន និងកញ្ចប់ថវិកាជាក់លាក់របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់​ខេត្ត រាជធានី

- សុំឱ្យមានការសហការគាំទ្រ ក្នុងការអនុវត្តនូវគោនយោបាយ និងផែនការជាតិនានា ដែលសម្របសម្រួលដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

- ស្នើសុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់នូវមតិយោបល់និងនីតិវិធីផ្សេងៗចង្អុលបង្ហាញមកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាចមានលទ្ធភាពមានកញ្ចប់ថវិកាដោយឡែក។

ទិសដៅបន្ត

- បន្តរៀបចំសេចកី្តព្រាងរបាយការណ៍ជាតិលើកទី៤ ទី៥និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ

-  រៀបចំរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍន៍កុមារ ឆ្នាំ២០១៦-២០១៨

-  រៀបចំបង្កើតផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍន៍កុមារ ឆ្នាំ២០១៩-២០២៣

- រៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹងស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែមពាក់ព័ន្ធ និងស្ដីពីគោលការណ៍ណែនាំសម្រាប់អនុវត្ដការចូលរួមរបស់កុមារដល់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ

- រៀបចំពិធីមិទិ្ទញអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៨

-  បន្តកិច្ចប្រជុំគណៈកម្មការការពារកុមារថ្នាក់ជាតិ​ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាកុមារនៅកម្ពុជា

-  រៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

-  ចុះពិនិត្យស្ថានភាពកុមារ នៅថ្នាក់ក្រោមជាតិ

-  រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជា

- រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធលើគំនិតផ្តួចផ្តើមបង្កើតច្បាប់ ស្តីពីកិច្ចការពារកុមារនៅកម្ពុជា

-  ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនៅកម្ពុជានៅថ្នាក់ជាតិ និងក្រោមជាតិ

-  រៀបចំរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុប្រចាំខែជូនក្រសួង ស.អ.យ និងអង្គការដៃគូរ និងអនុវត្តការងាររដ្ឋបាលប្រចាំថ្ងៃ។

សូមបញ្ជាក់ថា  ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ ក្នុងនាមប្រទេសហត្ថលេខី យើងមានកាតព្វកិច្ចគោរព និងអនុវត្តតាមបទប្បញ្ញត្តិទាំងឡាយ ដែល​មានចែងក្នុង  អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ដើម្បីលើកស្ទួយ និងការពារកុមារ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់មួយទៀត គឺធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព​នៃការអនុវត្ត​អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមនៃអនុសញ្ញស្តីពីសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

ឆ្លើយតបទៅនឹងគោលការណ៍ និងវិធានការណ៍ខាងលើរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) តាមអនុក្រឹត្យលេខ៨៣អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥  និងកែសម្រួលសមាសភាពអនុក្រឹត្យលេខ ៨៣ មកជាអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។ នៅចុងឆ្នាំ២០០៩ ក.ជ.ក. បានកែសម្រួលសមាសភាព និង រចនាសម្ព័ន្ធ មកជាព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩។ ក... ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុ មាលភាព និងការចូលរួមចំណែករបស់កុមារ។

ក.ជ.ក មានសមាសភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ជាប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារី, មហាផ្ទៃ, សុខាភិបាល, .., ក.ប.វ និង​ ស.អ.យ ជាអនុប្រធាន, អនុរដ្ឋលេខាធិការ ២១ ក្រសួង ស្ថាប័ន ជាសមាជិក, អគ្គលេខាធិការ ក.ជ.ក. ជាសមាជិកអចិន្ត្រៃយ៍, សមាសភាពជាក់ស្តែងរបស់ ក.ជ.ក. ត្រូវកំណត់ដោយអនុក្រឹត្យ។

ក.ជ.ក ត្រូវជួបប្រជុំយ៉ាងតិច ២ ដងក្នុងមួយឆ្នាំ។ ក្នុងករណីចាំបាច់ ក.ជ.ក អាចប្រជុំជាវិសាមញ្ញបានតាមការអញ្ជើញរបស់ប្រធាន។ ក្នុងមួយឆ្នាំម្តង ក.ជ.ក ត្រូវធ្វើការបូកសរុបរបាយការណ៍ អំពីលទ្ធផលនៃការអនុវត្តកម្មវិធីការងារ និងអនុសាសន៍ដែល ក.ជ.ក ត្រូវដាក់ជូនរាជរដ្ឋាភិបាល។

 

 

Our Partners