Cambodia National Council for Children

Meeting to disseminate the National Action Plan on Child Development 2016-2018 and the establishment of Child Working Groups at the Ministry of Interior

Meeting to disseminate the National Action Plan on Child Development 2016-2018 and the establishment of Child Working Groups at the Ministry of Interior

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ និងការបង្កើតក្រុមការងារដើម្បីកុមារ នៅក្រសួងមហាផ្ទៃ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧, នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ និងដើម្បីពិតិត្យលទ្ធភាពក្នុងការបង្កើតក្រុមការងារដើម្បីកុមារប្រចាំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានអ្នកចូលរួមអញ្ជើញមកពីក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប ចំនួន ៣០នាក់ (ស្រី៥នាក់)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង (១)ផ្សព្វផ្សាយផែនការកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដល់មន្ត្រីជំនាញពាក់ព័ន្ធ (២)ស្នើសុំឱ្យមានការបង្កើតក្រុមការងារដើម្បីកុមារនៅក្រសួងមហាផ្ទៃ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានបទបង្ហាញអំពីសាវតារ អំពីព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, អនុក្រឹត្យស្តីពីការរៀបចំនឹងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន ក.ជ.ក, សេចក្តីសម្រេច លេខ ១២៧ ក.ជ.ក ស្តីពីការបង្កើតក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន និងបទបង្ហាញអំពីផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨។

អគ្គលេខាធិការដ្ឋាន ក.ជ.ក បាននិងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ តាមរយៈការផ្សព្វផ្សាយ និងបញ្ជ្រាបផែនការជាតិនេះទៅក្នុងផែនការថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ជាក់ស្តែង អគ្គលេខាធិការដ្ឋាន ក.ជ.ក បានបញ្ជ្រាបផែនការនេះដល់ក្រសួងចំនួន ៩ រួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ), ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍, ក្រសួងបរិស្ថាន, ក្រសួងធម្មការ និងសាសនា,​​ ក្រសួងយុត្តិធម៌, និងក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការដ្ឋាន ក.ជ.ក បានបញ្ជ្រាបផែនការជាតិនេះដល់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តព្រៃវែង។ ជាលទ្ធផល ផែនការសកម្មភាពនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិរបស់ ក.ជ.ក ខេត្ត។

ក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ននេះ ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី លើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារក្នុងក្រសួង ស្ថាប័ននីមួយៗ។

ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ៖ ពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយដែលពាក់ព័ន្ធទៅនឹងបញ្ហាកុមារ នៅក្នុងក្រសួង ស្ថាប័ន ពិនិត្យតាមដាន វាយតម្លៃ លើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅក្រសួង ស្ថាប័ន និងលើកសំណើជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារនៅក្នុងក្រសួង ស្ថាប័ន ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ពាក់ព័ន្ធនឹងបញ្ហានានារបស់កុមារ និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឱ្យមានប្រសិទ្ធភាព រៀបចំផែនការ កម្មវិធី និងសកម្មភាពផ្សេងៗ ដើម្បីឱត្តមប្រយោជន៍របស់កុមារ សម្រាប់ក្រសួង ស្ថាប័នមានជាអាទិ៍ ការគោរព និងការអនុវត្តសិទ្ធិកុមារ ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមានភាព ការចូលរួមចំណែករបស់កុមារ ការប្រឆាំងនឹងអំពើហិង្សា ការទប់ស្កាត់ ការលុបបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ និងប្រឆាំងនឹងការជួញដូរគ្រឿញៀន បញ្ជាបការងារកុមារទៅក្នុងកម្មវិធីការងាររបស់ក្រសួង ស្ថាប័ន ធ្វើទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដែលមានគម្រោងការងារពាក់ព័ន្ធនឹងកុមារនៅក្នុងក្រសួង ស្ថាប័ន ដើម្បីរកជំនួយឧបត្ថម្ភ និងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ទស្សនៈរីកចម្រើនដែលទាក់ទងនឹងគោលដៅរួមក្នុងការកែលម្អស្ថានភាពកុមារ រៀបចំមូលដ្ឋានទិន្នន័យស្តីពីស្ថានភាពកុមារនៅក្នុងក្រសួង ស្ថាប័ន រៀបចំទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ចាត់ចែងអនុវត្តរាល់គោលការណ៍ ផែនការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែល ក.ជ.ក ប្រគល់ជូន។

សូមបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធកុមារ (អ.ស.ក) នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩២។ យោងតាមមាត្រា ៤៤ នៃ អ.ស.ក តម្រូវឱ្យប្រទេសហត្ថលេខីផ្តល់របាយការណ៍វឌ្ឍនភាពស្តីពីកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប)។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) តាមអនុក្រឹត្យលេខ៨៣អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ នៅចុងឆ្នាំ២០០៩ ក.ជ.ក បានកែសម្រួលសមាសភាព និងរចនាសម្ពន្ធមកជាព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ។ ព្រះរាជក្រឹត្យថ្មីនេះ ក.ជ.ក មានរចនាសម្ពន្ធរហូតដល់រាជធានីខេត្ត និងក្រុមការងារដើម្បីកុមារនៅតាមក្រសួងស្ថាប័ន។

ក.ជ.ក ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុ មាលភាព និងការចូលរួមចំណែករបស់កុមារ។ ក.ជ.ក មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស, រដ្ឋមន្ត្រីក្រសួង ស.អ.យ ជាប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស.អ.យ ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិការ ២១ ក្រសួង ស្ថាប័ន ជាសមាជិក, អគ្គលេខាធិការ ក.ជ.ក. ជាសមាជិកអចិន្ត្រៃយ៍, សមាសភាពជាក់ស្តែងរបស់ ក.ជ.ក ត្រូវកំណត់ដោយអនុក្រឹត្យ។

ក.ជ.ក ពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហាកុមារ ពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅកម្ពុជា និងលើកសំណើជូនរាជរដ្ឋាភិបាលអំពីតម្រូវការ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារ ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងកុមារ និងផ្តល់អនុសាសន៍ស្របនឹងអនុសញ្ញានិងបទដ្ឋានអន្តរជាតិផ្សេងៗស្តីពីកុមារ ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ គោលនយោបាយ លិខិតបទដ្ឋាននានា និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឲ្យមានប្រសិទ្ធភាព។ល។



Our Partners