Cambodia National Council for Children

Meeting to disseminate the National Plan of Action for Child Development 2016-2018 and the establishment of a working group for children at the Ministry of Environment

Meeting to disseminate the National Plan of Action for Child Development 2016-2018 and the establishment of a working group for children at the Ministry of Environment

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ និងការបង្កើតក្រុមការងារដើម្បីកុមារ នៅក្រសួងបរិស្ថាន

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧, នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ និងដើម្បីពិតិត្យលទ្ធភាពក្នុងការបង្កើតក្រុមការងារដើម្បីកុមារប្រចាំក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានអ្នកចូលរួមអញ្ជើញមកពីក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប​ ចំនួន ៣៥នាក់ (ស្រី២០នាក់)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង (១)ផ្សព្វផ្សាយផែនការកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដល់មន្ត្រីជំនាញពាក់ព័ន្ធ (២)ស្នើសុំឱ្យមានការបង្កើតក្រុមការងារដើម្បីកុមារនៅក្រសួងបរិស្ថាន។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានបទបង្ហាញអំពីសាវតារ អំពីព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, អនុក្រឹត្យស្តីពីការរៀបចំនឹងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន ក.ជ.ក, សេចក្តីសម្រេច លេខ ១២៧ ក.ជ.ក ស្តីពីការបង្កើតក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន និងបទបង្ហាញអំពីផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨។ 

អគ្គលេខាធិការដ្ឋាន ក.ជ.ក បាននិងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ តាមរយៈការផ្សព្វផ្សាយ និងបញ្ជ្រាបផែនការជាតិនេះទៅក្នុងផែនការថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ជាក់ស្តែង អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបញ្ជ្រាបផែនការនេះដល់ក្រសួងចំនួន  រួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) សុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ និងក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបញ្ជ្រាបផែនការជាតិនេះដល់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ សៀមរាប និងខេត្តព្រៃវែង។ ជាលទ្ធផល ផែនការសកម្មភាពនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការប្រតិបត្តិរបស់ ក.ជ.ក. ខេត្ត។

ក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ននេះ ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី លើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារក្នុងក្រសួង ស្ថាប័ននីមួយៗ។ ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ៖

ពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយដែលពាក់ព័ន្ធទៅនឹងបញ្ហាកុមារ នៅក្នុងក្រសួង ស្ថាប័ន, ពិនិត្យ តាមដាន វាយតម្លៃ លើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅក្រសួង​ ស្ថាប័ន និងលើកសំណើជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារនៅក្នុងក្រសួង ស្ថាប័ន,ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ពាក់ព័ន្ធនឹងបញ្ហានានារបស់កុមារ និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឱ្យមានប្រសិទ្ធភាព, រៀបចំផែនការ កម្មវិធី និងសកម្មភាពផ្សេងៗ ដើម្បីឱត្តមប្រយោជន៍របស់កុមារ សម្រាប់ក្រសួង ស្ថាប័នមានជាអាទិ៍ ការគោរព និងការអនុវត្តសិទ្ធិកុមារ ការរស់រានមានជីវិត ការអភិវឌ្ឍ​ ការការពារ ការលើកកម្ពស់សុខុមានភាព ការចូលរួមចំណែករបស់កុមារ ការប្រឆាំងនឹងអំពើហិង្សា ការទប់ស្កាត់ ការលុបបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពមកលើកុមារ និងប្រឆាំងនឹងការជួញដូរគ្រឿញៀន, បញ្ជាបការងារកុមារទៅក្នុងកម្មវិធីការងាររបស់ក្រសួង ស្ថាប័ន, ធ្វើទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដែលមានគម្រោងការងារពាក់ព័ន្ធនឹងកុមារនៅក្នុងក្រសួង ស្ថាប័ន ដើម្បីរកជំនួយឧបត្ថម្ភ​ និងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ទស្សនៈរីកចម្រើនដែលទាក់ទងនឹងគោលដៅរួមក្នុងការកែលម្អស្ថានភាពកុមារ, រៀបចំមូលដ្ឋានទិន្នន័យស្តីពីស្ថានភាពកុមារនៅក្នុងក្រសួង ស្ថាប័ន, រៀបចំទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា, ចាត់ចែងអនុវត្តរាល់គោលការណ៍ ផែនការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែល ក.ជ.ក ប្រគល់ជូន។

សូមបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធកុមារ (អ.ស.ក) នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមមាត្រា ៤៤ នៃ អ..ក តម្រូវឱ្យប្រទេសហត្ថលេខីផ្តល់របាយការណ៍វឌ្ឍនភាពស្តីពីកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប)។  រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) តាមអនុក្រឹត្យលេខ​៨៣​អនក្រ.ប​ក​ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ នៅចុងឆ្នាំ២០០៩​ ក.ជ.ក បានកែសម្រួលសមាសភាព និងរចនាសម្ពន្ធមកជាព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២០១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ។ ព្រះរាជក្រឹត្យថ្មីនេះ ក.ជ.ក មានរចនាសម្ពន្ធរហូតដល់រាជធានីខេត្ត និងក្រុមការងារដើម្បីកុមារនៅតាមក្រសួងស្ថាប័ន។ ក.ជ.ក ជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុ មាលភាព និងការចូលរួមចំណែករបស់កុមារ។

ក.ជ.ក មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស, រដ្ឋមន្ត្រីក្រសួង​ ស.អ.យ ជាប្រធាន, រដ្ឋលេខាធិការក្រសួងកិច្ចការនារីក្រសួងមហាផ្ទៃក្រសួងសុខាភិបាលក្រសួងអប់រំ យុវជន និងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង​ ស.អ.យ ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិការ ២១ ក្រសួង ស្ថាប័ន ជាសមាជិក, អគ្គលេខាធិការ ក.ជ.ក. ជាសមាជិកអចិន្ត្រៃយ៍, សមាសភាពជាក់ស្តែងរបស់ ក.ជ.ក. ត្រូវកំណត់ដោយអនុក្រឹត្យ។

ក.ជ.ក ពិគ្រោះយោបល់ សម្របសម្រួលសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងបញ្ហាកុមារ ពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្មវិធីជាតិសម្រាប់កុមារនៅកម្ពុជា និងលើកសំណើជូនរាជរដ្ឋាភិបាលអំពីតម្រូវការ និងបញ្ហាទាំងឡាយដែលធានាឧត្តមប្រយោជន៍របស់កុមារ ចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងកុមារ និងផ្តល់អនុសាសន៍ស្របនឹងអនុសញ្ញានិងបទដ្ឋានអន្តរជាតិផ្សេងៗស្តីពីកុមារ ធ្វើការផ្សព្វផ្សាយច្បាប់ អនុសញ្ញាស្តីពីសិទ្ធិកុមារ គោលនយោបាយ លិខិតបទដ្ឋាននានា និងបំផុសចលនាគាំទ្រការអនុវត្តសិទ្ធិកុមារឲ្យមានប្រសិទ្ធភាព។ល។

 

Our Partners