Cambodia National Council for Children

Consultation Workshop on The Implementation of Recommendation of the UN Committee on the Right of the Child

Consultation Workshop on The Implementation of Recommendation of the UN Committee on the Right of the Child

 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧, សណ្ឋាគារ ភ្នំពេញ, សហការជាមួយសម្ពន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការតាមដានការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ សរុប​ ចំនួន ៥២នាក់ (ស្រី១៦នាក់)។ សិក្ខាសាលានេះរៀបចំឡើងដើម្បីតាមដានការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិនិត្យតាមដានការអនុវត្តសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិលើ​ពិធីសារបន្ថែមស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ។

សូមបញ្ជាក់ថាៈ​ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២​ និងបានផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២។ក្នុងនាមជារដ្ឋភាគីបន្ទាប់ពីផ្តល់សច្ចាប័នរយៈពេល២ឆ្នាំ កម្ពុជាមានកាតព្វកិច្ចធ្វើរបាយការណ៍លើកដំបូង​ និងធ្វើរបាយការណ៍ទៀងទាត់រៀងរាល់៥ឆ្នាំម្តងស្តីពីការអនុវត្តពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ជូនគណៈកម្មាធិការសិទ្ធិកុមារនៃ អ.ស.ប។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់របាយការណ៍លើកទី១ និងទី២ ជូនគណៈកម្មាធិការ សិទ្ធិកុមារនៃ​ អ.ស.ប​ ដែលបានរៀបរាប់អំពីលទ្ធផលនៃការអនុវត្តពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជាពីឆ្នាំ២០០២ ដល់ឆ្នាំ២០១០។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាទទួលបានកម្រងសំណួរពីគណៈកម្មាធិការសិទ្ធិកុមារនៃ​ អ.ស.ប ដើម្បីផ្តល់ព័ត៌មានបំពេញបន្ថែមលើរបាយការណ៍ជាតិលើកទី១ និងទី២នេះ។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានផ្ញើរបាយការណ៍ឆ្លើយតបនឹងកម្រងសំណួរទៅគណកម្មាធិការសិទ្ធិកុមារនៃ​អ.ស.ប។

នៅថ្ងៃទី១២​ និងទី១៣ ខែមករា ឆ្នាំ២០១៥ គណៈប្រតិភូកម្ពុជាបានទៅចូលរួមបំភ្លឺលើការអនុវត្តពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅក្នុងសម័យប្រជុំលើទី៦៨ របស់គណៈកម្មាធិការសិទ្ធិកុមារនៃ​ អ.ស.ប នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។ បន្ទាប់មកកម្ពុជាទទួលបាននូវអនុសាសន៍មួយចំនួនដែលជាសេចក្តីអង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារនៃ អ.ស.ប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥​ ដើម្បីឱ្យប្រទេសកម្ពុជាបន្តជំរុញការអនុវត្តពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ទាប់ពីទទួលបានសេចក្តីអង្កេតចុងក្រោយនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានរៀបចំស្នើសុំសារាចរណែនាំពីរាជរដ្ឋាភិបាល ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តអនុសាសន៍នេះឱ្យមានលក្ខណៈវិជ្ជមាន។ បន្ទាប់មករាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ ០៤ ស.រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីកាអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃ​ អ.ស.ប។

 

Our Partners