Cambodia National Council for Children

Roundtable Discussion on the Implimentation of works of the National Child Protection Commission (NCPC)

Roundtable Discussion on the Implimentation of works of the National Child Protection Commission (NCPC)

 

 

 វេទិកាតុមូល ស្តីពីការអនុវត្តការងាររបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ

 

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយទូរទស្សន៍ជាតិកម្ពុជាបានរៀបចំវេទិកាតុមូលស្តីពីការអនុវត្តការងាររបស់គណៈកម្មការការពារកុមារថ្នាក់ជាតិ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅស្ទីឌីយ៉ោទូរទស្សន៍ជាតិកម្ពុជា។ វេទិកានេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹងដល់សាធារណៈជនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការពារកុមារតាមរយៈការបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ និងជំរុញកិច្ចសហប្រតិបត្តិការណ៍របស់សមាជិកគណៈកម្មការការពារកុមារថ្នាក់ជាតិ ដែលជាស្ថាប័នកំពុងអនុវត្តកិច្ចការពារកុមារ ព្រមទាំងបង្ហាញអំពីយុទ្ធសាស្រ្ត និងវិធីសាស្រ្តដើម្បីបង្កើនកិច្ចការពារកុមារប្រកបដោយប្រសិទ្ធភាព។
វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកាតុមូលនេះមាន ៤រូប ១. លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ២. ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួង ស.អ.យ ៣. ឯកឧត្តម យឹម វិរៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង៤. ឯកឧត្តម សូរ សារិន ស្នងការរង នៃស្នងការដ្ឋានយុត្តិធម៌អាវុធហត្ថលើផ្ទៃប្រទេស។ វេទិកានេះបានពិភាក្សា និងបង្ហាញពីទស្សនៈរបស់វាគ្មិនទាំង៤រូបលើ គណៈកម្មការការពារកុមារថ្នាក់ជាតិ គឺការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តគោលនយោបាយ និងបានបង្កើតនូវយន្តការជាច្រើន ក្នុងគោលដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ  តាមរយៈការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅលើកស្ទួយការគោរពសិទ្ធិ និងធានាយុត្តិធម៌សម្រាប់កុមារ។ លើសពីនេះទៅទៀតបានសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍពាក់ព័ន្ធ និងផ្នែកឯកជន ដែលធ្វើការងារពាក់ព័ន្ធនឹងកិច្ចការពារកុមារ ធ្វើការពង្រឹងប្រព័ន្ធការការពារកុមារ បង្ការទប់ស្កាត់ ការពារ លុបបំបាត់រាល់ទម្រង់នៃការរំលោភបំពានផ្សេងៗ និងអំពើហិង្សាលើកុមារ សំដៅបម្រើឧត្តមប្រយោជន៍កុមារ។  គណៈកម្មការនេះមានលក្ខណៈពិសេស ជួយពិនិត្យ បំពេញបន្ថែមភាពខ្វះចន្លោះក្នុងក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការជាតិ និងក្នុងក្របខណ្ឌនៃការអនុវត្ត ការផ្តល់ជំនួយបច្ចេកទេស និងជំរុញការអនុវត្តសកម្មភាពការការពារកុមារ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការការពារកុមារ ការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តការការពារកុមារ។
វេទិកានេះក៏បានសំណូមពរផងដែរដល់ទូរទស្សនិកជន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍពាក់ព័ន្ធ និងផ្នែកឯកជន សូមជួយផ្សព្វផ្សាយអំពីការងាររបស់គណៈកម្មការការពារកុមារថ្នាក់ជាតិនេះឱ្យមានការយល់ដឹងបានទូលំទូលាយ ក៏ដូចជាសិទ្ធិកុមារ កិច្ចការពារកុមារផងដែរ លើកកម្ពស់ចំណេះដឹងដល់អ្នកពាក់ពន្ធ័ក្នុងការអនុវត្តកិច្ចការពារកុមារ សម្របសម្រួលបង្កើនថវិកាជាតិក្នុងការអនុវត្តកិច្ចការពារកុមារ និងសូមឱ្យមានការចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយបញ្ហាកុមារ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ទាន់ពេលវេលា មានលក្ខណៈជាប្រព័ន្ធ បញ្ចៀសនូវភាពត្រួតស៊ីគ្នានៃកិច្ចអន្តរាគមន៍ និងការផ្តល់សេវា ដើម្បីរក្សាបាននូវសុខុមាលភាពចំពោះកុមារ និងសង្គមជាតិ។ 
សូមបញ្ជាក់ថាៈ គណៈកម្មការការពារកុមារថ្នាក់ជាតិនេះបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ១០៥ ក.ជ.ក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥។ គណៈកម្មការនេះមានសមាជិក៤២ ក្រសួង ស្ថាប័ន ក្នុងនោះរួមមានអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឃ និងវិស័យឯកជនផងដែរ។ គណៈកម្មការបានដំណើរការតាមរយៈកិច្ចប្រជុំជាទៀងទាត់ និងប្រជុំវិសាមញ្ញ។ ជាមួយគ្នានេះផងដែរ គណៈកម្មការបានបង្កើតផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួនក្នុងគោលបំណងអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចការពារកុមារនៅកម្ពុជា។ 
 

Our Partners