Cambodia National Council for Children

The 67th Anniversary of the international children's day 1st June, the 15th anniversary of the world's day against child labour 12th June, and Cambodia Children's day 2016

The 67th Anniversary of the international children's day 1st June, the 15th anniversary of the world's day against child labour 12th June, and Cambodia Children's day 2016

 ខួបលើកទី៦៧ ទិវាកុមារអន្ដរជាតិ ១ មិថុនា
ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦


ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍វិនាសកម្មរបស់ពួកហ្វាសស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្រី្ត និងកុមារនៅភូមិលីឌីសែ ប្រទេសឆេក និងភូមិអូរាឌូ ប្រទេសបារាំង ក្នុងកំឡុងឆ្នាំ១៩៤២¬¬- ១៩៤៤ នៃសង្គ្រាមលោកលើកទី២ ហើយបានរួមគ្នាទប់ស្កាត់អំពើហិង្សា ដើម្បីថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។
ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺសំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះ។ ការប្រារព្វទិវានេះ គឺបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់ សច្ចាប័នអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិលេខ១៨២ស្ដីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីអាយុអប្បបរមាសម្រាប់ចូលធ្វើការដោយប្រទេសជាច្រើនលើពិភពលោក។ ទិវានេះក៏បានផ្តល់ឱកាសដើម្បីទទួលបានការគាំទ្របន្ថែមពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។
ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលរងនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លាញសង្គមជាតិខ្ទេចខ្ទាំដល់ឬសគល់ ក្នុងនោះកុមារក៏ត្រូវទទួលរងនូវការកាប់សម្លាប់  ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានសាលារៀន គ្មានសម្លៀកបំពាក់ គ្មានថ្នាំសង្កូវព្យាបាលជំងឺ រស់នៅដូចសត្វធាតុរស់នៅយ៉ាងលំបាកវេទនាដោយអយុត្ដិធម៌។
សូមរំលឹកថាៈ  ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩ ២ និងអនុសញ្ញាអន្ដរជាតិជាច្រើនទៀត។ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ កម្ពុជាមានកាតព្វកិច្ចត្រូវគោរព និងអនុវត្តនូវអនុសញ្ញានេះ។  ជាក់ស្តែងព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្វទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៦នេះ កម្ពុជាបានប្រារព្វទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ១មិថុនា គឺប្រារព្ធឡើង ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន ”  និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ “ រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម  ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានអ្នកចូលសរុប ៣៣៣០នាក់ (កុមារ ២៩៣០ នាក់) នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន និងការលុបបំបាត់ពលកម្មកុមារនៅក្នុងសង្វាក់ផលិតកម្ម។  នៅក្នុងឱកាសប្រារព្ធទិវានេះសម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ចំនួន៩ចំនុចរួមមាន៖
ទី១ ជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដើម្បីរួមចំណែកក្នុងការ សម្រេចបានចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល។
ទី២ ជំរុញការរៀបចំផែនការសកម្មភាពស្តីពីការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឱ្យបានឆាប់ និងអនុវត្តផែនការសកម្មភាពនេះ ឱ្យមានប្រសិទ្ធភាព។
ទី៣ បន្តអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាផលប៉ះ ពាល់នៃការប្រើប្រាស់គ្រឿងញៀន តាមប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទូរទស្សន៍, វិទ្យុ និងបណ្តាញសង្គម។
 
ទី៤ ជំរុញការរៀបចំផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ (ឆ្នាំ២០១៦-២០២៥) និងចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការ ទប់ស្កាត់, ការដកហូត, ការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា និងការលើកកម្ពស់ការងារសមរម្យដល់កុមារ ដែលគ្រប់ឤយុធ្វើការងារបាន។
ទី៥ បន្តពង្រឹង និងពង្រីកប្រព័ន្ធការពារកុមារឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។
ទី៦ ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលិខិតបទដ្ឋាន, ផែនការ និងយុទ្ធសាស្ត្រ ជាតិ, អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធស្តីពីការការពារកុមារ, ការកាត់បន្ថយ និងការលុបបំបាត់ពលកម្មកុមារ, កុមារប្រើប្រាស់សារធាតុញៀន, អំពើជួញដូរកុមារ, អំពើហិង្សា, ការកេងប្រវ័ញ្ចគ្រប់រូបភាព និងការស្មូមកូនអន្តរប្រទេស ជាដើម។
ទី៧ បន្តលើកកម្ពស់គុណភាពវិស័យអប់រំ ដោយខិតខំបង្កើនអត្រាកុមារចូលរៀនឱ្យបានខ្ពស់ថែមទៀត, កាត់បន្ថយអត្រាត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សា, បង្កើនចំនួនសាលាកុមារមេត្រី, ពង្រឹងកម្មវិធីអប់រំក្រៅប្រព័ន្ធ, កម្មវិធីអប់រំបញ្ចូលគ្នា និងបង្កើនការផ្តល់ឤហារូបករណ៍ដល់សិស្សក្រីក្រ ចំពោះក្រុមកុមារដែលបាត់បង់ឱកាសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ បន្តពង្រឹងតួនាទី និងការទទួលខុសត្រូវសហគមន៍ ឱ្យចូលរួមលុបបំបាត់អំពើហិង្សា, ការប្រើប្រាស់គ្រឿងញៀន និងពលកម្មកុមារគ្រប់រូបភាព ទាំងនៅក្នុងសាលារៀន, សហគមន៍, គ្រឹះស្ថានសិក្សា និងតាមផ្ទះ។
ទី៨ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់បញ្ចូលបញ្ហាកុមារទៅក្នុងផែនការសកម្មភាពប្រឆ្នាំ ដើម្បីតាមដានការ អនុវត្តសិទ្ធិកុមារ និងផ្តល់អនុសាសន៍នានា ក្នុងការចាត់វិធានការដោះស្រាយបញ្ហាកុមារ និងធានាជួយដល់កុមារឱ្យរួចផុតពីការរំលោភបំពាន, ការកេងប្រវ័ញ្ច និងការរើសអើងគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៩• ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហានានារបស់កុមារ។
 


 

 

 

TitleSizeDateAction
Royal Krams on Juvenile Justice Law2,493.65 MB04-Jan-2017

Our Partners