Cambodia National Council for Children

Orientation Capacity Trainer's Manual on Guidelines for Applying Child Participation in Siem Reap

Orientation Capacity Trainer's Manual on Guidelines for Applying Child Participation in Siem Reap

 

វគ្គបំប៉នសមត្ថភាពគ្រួបង្គោលស្តីពី គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ នៅខេត្តសៀមរាប

អគ្គលេខាធិការ​ដ្ឋាន​​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ ក.ជ.ក កាលពីថ្ងៃទី២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៧ សាលាខេត្តសៀមរាប ដោយបានការជួយឧបត្ថម្ភគាំទ្រពីសម្ពន្ធអង្គការចាប់ដៃ បាន​រៀបចំវគ្គបំប៉នសមត្ថភាពគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារក្រោម​អធិបតីភាព​លោក​ជំទាវ ស៊ន សាបោន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និង​មានអ្នកអញ្ជើញ​ចូលរួម​​មកពីមន្ទីរ ស.អ.យ ខេត្តសៀមរាប ​មន្ត្រីអង្គការដៃគូដែលមានទីតាំងខេត្តសៀមរាប និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក សរុប ចំនួន ២៧ នាក់ (ស្រី ១៤នាក់) ។

វគ្គបំប៉នរយៈពេល៣ថ្ងៃ​នេះ​ រៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងសមត្ថភាព និងចំណេះដឹងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក អង្គការដៃគូ  និងមន្ត្រីមន្ទីរ ស.អ.យ ខេត្តសៀមរាប ឱ្យមានសមត្ថភាពកាន់តែប្រសើឡើង និងផ្តល់ឱកាសឱ្យពួកគាត់ម្នាក់ៗបានបញ្ចេញសមត្ថភាពតាមរយៈកាអនុវត្តការសម្របសម្រួ​លដោយផ្ទាល់ដល់មន្ត្រី គ.ក.ន.ក ក្រុមប្រឹក្សាឃុំនៃសហគមន៍ចំនួន ២ និងអង្គការចំនួន ៤ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប។

មានមតិស្វាគមន៍បើកវគ្គបំប៉នសមត្ថភាពនេះ លោកជំទាវអគ្គលេខាធិការរងបានលើកឡើងថា វគ្គបំប៉ននេះមានសារៈសំខាន់ណា​ស់ គឺបានពង្រឹងចំណេះដឹង ពាក់ព័ន្ធអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារ ​ ឱ្យ​កា​​ន់​តែល្អប្រសើរឡើងថែមទៀត និងបានផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុង​ក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ក៏ដូ​ច​​ ជា​បណ្តុះបណ្តាលបន្តទៅដល់អង្គការ និងសហគមន៍ ។

វគ្គបំប៉នរយៈពេល៣ថ្ងៃ​នេះសម្របសម្រួលដោយលោក ខឹម សំអាត ប្រធានផ្នែកអប់រំ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋាន ក.ជ.កបានធ្វើបទបង្ហាញអំពីសាវតារ ដំណើរការនៃការរៀបចំ និងខ្លឹមសារទាំងស្រុងនៃគោលកាណ៍ណែ​នាំ​​ សម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់សិក្ខាកាមជាគ្រូបង្គោល។​​ សិក្ខាកាមទាំងអស់ត្រូវបានបែងចែកសិក្ខាកាមជា ៦ក្រុម ដោយក្រុមនីមួយៗតម្រូវឱ្យរៀបចំប្លង់មេរៀនស្តីពីគោលកាណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ សម្រាប់ក្រុមឡើងសម្របសម្រួលធ្វើបទបង្ហាញដល់សិក្ខាកាមក្នុងវគ្គ និងយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី គ.ក.ន.ក នៃសហគមន៍ និងអង្គការដៃគូពាក់ព័ន្ធ។

ក្រុមនីមួយៗមានឱកាសអនុវត្តផ្ទាល់ តាមរយៈការឡើងសម្របសម្រួលក្នុងការធ្វើបទបង្ហាញមួយក្រុមម្តងៗ ដោយប្រើប្លង់មេរៀ​ន ស្តីពីគោលកាណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដែលក្រុមនីមួយៗបានរៀបចំដោយតម្រូវឱ្យប្រើនូវវិធីសាស្ត្ររៀងៗខ្លួនក្នុងការសម្របម្រួល បន្ទាប់មកក្រុមនីមួយៗក៏បានចុះសម្របសម្រួលជាក់ស្តែងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបគោលកាណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារដល់មន្ត្រី គ.ក.ន.ក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ នៃសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប គឺ(១)នៅសាលាឃុំរុនតា​ឯក ស្រុកបន្ទាយស្រី សរុបចំនួន ២៧នាក់ (ស្រី១២នាក់) (២)ឃុំលាងដៃ ស្រុកអង្គរធំ សរុបចំនួន ២១នាក់ (ស្រី១៤នាក់) និងមន្ត្រីអង្គការចំនួន ៤ ក្នុងខេត្តសៀមរាប (១) អង្គការ Destiny Rescue  សរុបចំនួន ១៣នាក់ (ស្រី០៩នាក់) (២)អង្គការ WEC Bridge of Hope សរុបចំនួន ១៦នាក់ (ស្រី១១នាក់)(៣)អង្គការ ARM Rapha House សរុបចំនួន ១៦នាក់ (ស្រី១៥នាក់) និង(៤) អង្គការ Agape Inernational Mission សរុបចំនួន ១៤នាក់ (ស្រី១២នាក់) សរុបទាំងអស់សហគមន៍ចំនួន២ និងអង្គការចំនួន ៤​ ​មានអ្នកចូលរួមសរុបចំនួន ៥៩នាក់ (ស្រី៤៧នាក់)។

បន្ទាប់ពីការចុះសម្របសម្រួល ផ្សព្វផ្សាយគោលការណ៍នេះដល់ឃុំចំនួន២ និងអង្គការចំនួន៤មក ក្រុមនីមួយៗបានធ្វើការឆ្លុះបញ្ជាំងពីគ្នាទៅវិញទៅមកនូវពីចំណុចខ្លាំង និងចំណុចគួរកែលម្អបន្ថែមទៀតពាក់ព័ន្ធជំនាញក្នុងការសម្របសម្រួលជាពិសេសគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដើម្បីកែលម្អនៅពេលធ្វើការសម្របម្រួលនាពេលក្រោយទៀត។ ចំពោះចំណុចខ្លាំង និងចំណុចគួរកែលម្អមានដូចខាងក្រោម៖

-ចំណុចខ្លាំង សិក្ខាកាមទាំងអស់មានចំណេះដឹងពាក់ព័ន្ធនឹងសិទ្ធិកុមារ​ មានជំនាញក្នុងការសម្របសម្រួល ចេះ សួរសំណួរបំផុសគំនិត ចេះលេងល្បែងស្វាងគំនិត មានការសហការណ៍បានល្អជាមួយអង្គការ។

-ចំណុចគួរកែរលម្អ  ចំណេះដឹងពាក់ព័ន្ធនឹងសិទ្ធិកុមារ និងជំនាញក្នុងការសម្របសម្រួលនៅមានកម្រិត  ការរៀបចំប្លង់មេរៀនសម្រាប់បង្ហាញមិនទាន់បានល្អ នៅមានភាពខ្វះចន្លោះ បទពិសោធន៍អ្នកធ្វើបទបង្ហាញនៅមានកម្រិត អ្នកចូលរួមមិនបានពិភាក្សាប្រធានបទតាមក្រុម។ល។

ក្នុងវគ្គបំប៉ននេះមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ក៏បានថតនូវវីដេអូរជាឯកសារពាក់ព័ន្ធគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារផងដែរ ដើម្បីរំលឹកនូវមេរៀនដែលបានសិក្សាកន្លងមកអំពីបច្ចេកទេសប្រើប្រាស់កាមេរ៉ា បច្ចេកទេសថតរូប ការថតវីដេអូរ និងការកាត់តវីដេអូរ។

វគ្គបំប៉ននេះ ស្តែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម​ប្រឹក្សាជាតិកម្ពុជា​ដើម្បី​កុមារ ក៏ដូច​ជា​រាជរដ្ឋាភិ​បាលកម្ពុជា និងអ្នក​ពាក់ព័ន្ធទាំងអស់ក្នុង​ការរួម​គ្នាលើកកម្ពស់ការអនុវត្ត​សិទ្ធិកុមារ​។ វគ្គបំប៉ននេះ នៅមិនទាន់គ្រប់គ្រាន់ទេ យើងនឹងបន្តខិតខំស្វែងរកធនធានពីដៃគូនានា ដើម្បីបើកវគ្គបំពាក់បំ​ប៉​ន គ្រូបង្គោលនេះ ឲ្យបានច្រើនលើក ច្រើនសារ ដើម្បីឲ្យលោក លោកស្រី បានយល់ដឹងកាន់តែច្បាស់ថែមទៀត លើអ្វីដែលបានទទួលក្នុងរយៈពេល​ ៣ថ្ងៃនេះ ដើម្បីមាន​សមត្ថភាពគ្រប់​គ្រាន់ក្នុងការ​បំពេញ​ភារកិច្ច សំដៅ​បម្រើ​ឧត្តមប្រយោជន៍​របស់​​កុមារកម្ពុជា​។

                                                                                                                               

  

 

 

 

 

 

 

 

Our Partners